ដោយ៖ អ៊ឹង ប៊ុនថន | ថ្ងៃសុក្រ ទី3 មេសា 2015, 04:27 PM
ស្តាប់សម្លេង៖ http://vodhotnews.com/media/sounds/150403-vod-thorn-b-hr-why-h-s-push-to-release-ngos-law-01-2015-04-03.mp3

ដោយចោទថាអង្គការមិនមែនរដ្ឋាភិបាលខ្លះ បានធ្វើការក្រៅច្បាប់
លោក ហ៊ុន សែន ចាត់ទុកថាច្បាប់នេះនឹងដាក់កំហិតដល់អង្គការដែលកំពុងធ្វើការងារ
ក្រៅច្បាប់នោះ ។
ការជំរុញរបស់លោកនាយករដ្ឋមន្ត្រី ឲ្យចេញច្បាប់ថ្មីមួយទៀតនេះ បន្ទាប់ពីលោកបញ្ចេញប្រតិកម្មទៅនឹងសង្គមស៊ីវិលដែលរិះគន់លើច្បាប់
គ.ជ.ប ថ្មីថាអាក្រក់ជាងច្បាប់ គ.ជ.ប ចាស់ ។
លោក ហ៊ុន សែន ថ្លែងថា «សូមអ្នកទាំងឡាយដឹងខ្លួនឲ្យបានច្បាស់ តួនាទីខ្លួនកម្រិតណា។ ហើយខ្ញុំសូមប្រកាសទុកជាមុនច្បាប់គ្រប់គ្រងអង្គការក្រៅរដ្ឋាភិបាល
នឹង ចេញនៅពេលខាងមុខ។ កុំឲ្យវាធ្វើតាមចិត្តចង់។ ឥឡូវអ្នកឯងកំពុងស្ថិតនៅក្រៅច្បាប់ហើយ។
បើចង់មានបញ្ជីជាតិ ទាល់តែធ្វើអាច្បាប់ហ្នឹងបានចុះបញ្ជីជាតិបាន។ អញ្ចឹងច្បាប់អង្គការក្រៅរដ្ឋាភិបាលត្រូវតែចេញ»។
របាយការណ៍របស់ក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០១៤ ឲ្យដឹងថា សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល
ដែលបានចុះបញ្ជីនៅក្រសួង មានចំនួនសរុប ៤៣៧៨ ក្នុងនោះសមាគម ចំនួន១៧០៦ និងអង្គការមិនមែនរដ្ឋាភិបាល
ចំនួន២៦៧២ ។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ បានជំទាស់នឹងបំណងរបស់រដ្ឋាភិបាលកម្ពុជាដែលចង់បង្កើតច្បាប់នេះ។
លោក សុរិយា ស៊ូប៊ែឌី បញ្ជាក់ថា អង្គការសង្គមស៊ីវិលជាច្រើននៅក្នុងប្រទេសកម្ពុជា
បាននឹងកំពុងដើរតួនាទីបំពេញបន្ថែមលើតួនាទីរបស់រដ្ឋ ក្នុងការជួយ ឬផ្តល់សេវាសង្គមកិច្ចសំខាន់ៗក្នុងវិស័យអប់រំ
សុខាភិបាល អភិវឌ្ឍន៍ជនបទ អនាម័យ សុខុមាលភាពសង្គម និងកិច្ចការពារធនធានធម្មជាតិ
និងបរិស្ថាន ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី វិភាគថា មូលហេតុដែលលោកនាយករដ្ឋមន្ត្រី
ជំរុញឲ្យចេញច្បាប់កាន់តែឆាប់ ដោយសារតែរដ្ឋាភិបាលយល់ច្រឡំពីតួនាទីរបស់សង្គមស៊ីវិល
គឺយល់ថា សង្គមស៊ីវិលដើរតួជួយគណបក្សប្រឆាំង ។ ប៉ុន្តែលោក កែម ឡី បញ្ជាក់ថា តាមពិតសង្គមស៊ីវិលបានជួយការងាររដ្ឋាភិបាលបានយ៉ាងច្រើន
ខណៈដែលរដ្ឋាភិបាលមិនអាចបំពេញសេចក្តីត្រូវការរបស់ប្រជាជន ។ លោកថា « គាត់មានការយល់ខុស គាត់មានការបកស្រាយខុស គាត់គិតថា អង្គការសង្គមស៊ីវិល
ជាសត្រូវជាមួយគាត់ រឿងទី២ ការរិះគន់ពីអង្គការសង្គមស៊ីវិល
ដើម្បីឲ្យមានអភិបាលកិច្ចល្អ ឲ្យរដ្ឋាភិបាលល្អ គាត់បែរជាគិតថា អង្គការសង្គមស៊ីវិលវាយប្រហារសង្គមស៊ីវិល
នេះដែលជាគំនិតខុស ។ កាលណាតួនាទីសង្គមស៊ីវិល កាន់តែថយ
កម្រិតនៃអភិបាលកិច្ចកាន់តែថយ កម្រិលនៃប្រជាធិបតេយ្យ ក៏កាន់តែថយទៅទៀតដែរ សន្ទស្សន៍នៃការវាស់វែងប្រជាធិបតេយ្យហ្នឹង
អាចអន់ជាងមុន» ។
លោក នី ចរិយា ប្រធានផ្នែកស៊ើបអង្កេតនៃសមាគមអាដហុក វិភាគថា មូលហេតុដែលលោកនាយករដ្ឋមន្ត្រីជំរុញឲ្យចេញច្បាប់នេះ
ដោយសារភ័យខ្លាចពលរដ្ឋដឹងរឿងមិនល្អរបស់រដ្ឋាភិបាល នៅពេលពួកគេបានចំណេះដឹងច្រើនពីការបណ្តុះបណ្តាលរបស់សង្គមស៊ីវិល
។ លោកបញ្ជាក់ថា «ប្រសិនបើប្រជាពលរដ្ឋមានការយល់ដឹង
មានចំណេះដឹង នឹងមានការចូលរួមខាងនយោបាយ អ៊ីចឹងធ្វើឲ្យអ្នកដែលកាន់អំណាចមានការរំលោភសិទ្ធិមនុស្សច្រើននោះ
មានការព្រួយបារម្ភ អ៊ីចឹងហើយ ត្រូវតែបង្ខំចិត្តធ្វើច្បាប់ហ្នឹងដើម្បីតាក់តែងកំណត់ច្បាប់ហ្នឹង
ដើម្បីកុំឲ្យអង្គការសង្គមស៊ីវិលធ្វើកិច្ចការជួយប្រជាពលរដ្ឋបាន» ។
សេចក្តីព្រាងច្បាប់ស្តីពី សមាគម អង្គការមិនមែនរដ្ឋាភិបាល ត្រូវបានក្រសួងមហាផ្ទៃផ្សព្វផ្សាយជាសាធារណៈ
កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១០ ហើយសេចក្តីព្រាងច្បាប់នេះត្រូវបាន ក្រសួងមហាផ្ទៃបញ្ជូនទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រីមុននឹងបញ្ជូនទៅ
រដ្ឋសភាអនុម័ត ។
លោក កែម ឡី ព្រមានថា នៅពេលច្បាប់នេះចេញ នឹងធ្វើឲ្យប្រជាជនប្រហែលមួយលានគ្រួសារដែលអង្គការសង្គមស៊ីវិកំពុង
តែជួយសព្វថ្ងៃនេះ នឹងរងគ្រោះ ហើយអ្នកធ្វើការជាមួយអង្គការប្រមាណ៤៥០០០នាក់
នឹងបាត់បង់ការងារ ព្រោះតែម្ចាស់ជំនួយកាត់បន្ថយ ខណៈគេមិនត្រូវការច្បាប់នេះមករិតត្បិត
។ លោកបន្តថា ពេលច្បាប់ចេញទៅចំនួនសមាគម និងអង្គការថយចុះ ។
ទោះជាយ៉ាងណា លោក កែម ឡី វិភាគទៀត នៅពេលរដ្ឋគណបក្សប្រជាជនកម្ពុជាធ្វើច្បាប់រិតបន្តឹងសង្គមស៊ីវិល
ព្រោះតែយល់ថា ពួកគេជាអ្នកប្រឆាំងនោះ នាំឲ្យជីវិតនយោបាយគណបក្សនេះនឹងបាត់បង់ការគាំទ្រពីប្រជាពលរដ្ឋថែម
ទៀត ។ លោកបន្ថែមថា «តាមពិតទៅគណបក្សប្រជាជន ជីវិតនយោបាយរបស់គាត់សាបសូន្យ
បានន័យថា ធ្លាក់បំផុត អត់អាចយកបោះដូងខ្មែរបាន គណបក្សសង្គ្រោះជាតិ គាត់អាចយកបេះដូចខ្មែរបាន
ប៉ុន្តែឥឡូវនេះនៅពេលដែលគាត់ត្រូវជាមួយនឹងគណបក្សប្រជាជន ដើម្បីវាយប្រហារមកអង្គការសង្គមស៊ីវិល
មកសកម្មជន គាត់អាចនឹងចូលទៅក្នុងកន្ត្រក់ត្រីស្អុយរបស់គណបក្សប្រជាជន ហើយអាចនឹងថយ
។ អ៊ីចឹងជីវិតនយោបាយរបស់គណបក្សទាំងពីរ អាចនឹងមានបញ្ហា ប្រសិនបើគណបក្សសង្គ្រោះជាតិមិនពិនិត្យឡើងវិញនូវសកម្មភាពរបស់ខ្លួន
ហើយធ្វើអ្វីដែលខ្លួនបានធ្វើ ដែលត្រឹមត្រូវ កាលពីឆ្នាំ២០១២ ២០១៣ ទេ គឺអាចនឹងមានបញ្ហាសម្រាប់ការបោះឆ្នោតខាងមុខ» ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យបង្កើតច្បាប់មួយចំនួនដោយធ្វើឡើងតែក្នុងរយៈខ្លី
រួមមានច្បាប់ប្រឆាំងអ្នកមិនទទួលស្គាល់របបខ្មែរក្រហម ច្បាប់៣ទាក់ទងនឹងតុលាការ
និងច្បាប់២ ទាក់ទងនឹងកែទម្រង់ការបោះឆ្នោត ។
លោក នី ចរិយា កត់សំគាល់ថា ច្បាប់ទាំងនោះ ធ្វើឡើងការពារតែប្រយោជន៍
គណបក្សកាន់អំណាច ហើយរិតបន្តឹងសេរីភាពរបស់ពលរដ្ឋ ។ លោកថា « ច្បាប់មួយណាក៏ដោយ ឲ្យតែកើតឡើងថ្មីនេះ គឺពីមួយជំហានទៅមួយជំហាន
សុទ្ធតែមានការរឹតត្បិត ខាងសេរីភាពហ្នឹងឯង ព្រោះដូចខ្ញុំបានជម្រាបអ៊ីចឹង
សេរីភាពនេះវាធ្វើឲ្យប៉ះពាល់ទៅដល់មុខមាត់ដែលរដ្ឋាភិបាលដែល គណបក្សកាន់អំណាចកំពុងតែធ្វើកិច្ចការសព្វថ្ងៃ
ដូចជាមានការរំលោភដីធ្លី រំលោភសិទ្ធិមនុស្ស ចាប់សកម្មជនដីធ្លី
ដាក់ពន្ធនាគារជាដើម នេះជារឿងដែលធ្វើឲ្យប៉ះពាល់មុខមាត់ខាងនយោបាយ
នឹងប៉ះពាល់ដល់ ការគាំទ្រខាងនយោបាយ ។ អ៊ីចឹងហើយការព្រួយបារម្ភពីរឿងហ្នឹង មានតែធ្វើការរឹតត្បិតខាងសេរីភាពនេះឯង
ហើយខ្ញុំគិតថាមកដល់សម័យនេះ គឺថា អ្នកដែលគិតរបៀបនេះ ជាអ្នកគិតខុស» ។
ទាំងលោក នី ចរិយា ទាំងលោក កែម ឡី ព្រមានថា បើតំណាងរាស្ត្រនៃគណបក្សណា
ក្នុងចំណោមបក្សទាំងពីរដែលជាប់ឆ្នោត ចូលរួមលើកដៃអនុម័តច្បាប់គ្រប់គ្រងអង្គការមិនមែនរដ្ឋាភិបាល
នោះជីវិតនយោបាយរបស់ពួកគេនឹងត្រូវបញ្ចប់ ដោយសារតែពលរដ្ឋឈប់គាំទ្រ ៕
សូមសរសេរមកលោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com
No comments:
Post a Comment