Friday, April 3, 2015

Phnom Penh Post of April 2, 2015

លើកក្រោយសុំប្រើឡានមានមីស្សីលផង ឬក៏ប្រើរថក្រោះ T52
______________________________________________________


ស្ត្រី​ស្រវឹង​ម្នាក់​បើក​ឡាន​រេចង្កូត​បុក​អង្គរក្ស​លោកនាយករដ្ឋមន្ត្រី​របួស​ធ្ងន់​ពីរ​នាក់
Thu, 2 April 2015



ភ្នំពេញៈ ស្រ្តី​ម្នាក់​ដែល​សមត្ថកិច្ច​អះអាង​ថា ស្ថិត​ក្នុង​អាការ​ស្រវឹង​​បាន​បើក​រថយន្ត​រេចង្កូត​ ទៅ​បុក​អង្គរក្ស​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីរ​នាក់​ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ខណៈ​ពួកគេ​កំពុង​ឈរ​យាម​នៅលើ​ចិញ្ចើម​ផ្លូវ​ខាង​ មុខ​ភូមិគ្រឹះ​ លោកនាយករដ្ឋមន្ត្រី​ក្បែរ​វិមាន​ឯករាជ្យ កាលពី​​​វេលា​ម៉ោង​ជាង​ពីរ​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃ​ពុធ​។
លោក យិន ចាន់ធូ​ អាយុ​ ៤៧ ​ឆ្នាំ ជា​ប្រធាន​ក្រុម​កងអង្គរក្ស ការពារ​ភូមិគ្រឹះ​លោកនាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​រងរបួស​បាក់​ជើង​ខាង​ស្ដាំ និង​សមាជិក​របស់​​គាត់​ម្នាក់​ទៀត គឺ​លោក ស៊ឹង សុជាតិ អាយុ​ ២៩ ឆ្នាំ បាន​រងរបួស​​​ក្បាល និង​មាន​ហូរឈាម​ចេញ​តាម​ត្រចៀក​ខាង​ឆ្វេង បន្ទាប់ពី រថយន្ត​ម៉ាក BMW ស៊េរី​ទំនើប​មួយ​គ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ​2AE-1113​ ដែល​បើកបរ​ដោយ​ស្ត្រី​ម្នាក់​ ដែល​គេ​ដឹង​ថា​ជា​បុគ្គលិក​នៃ​ក្រុមហ៊ុន​រថយន្ត BMW Auto Co; Ltd បុក​កាលពី​វេលា ម៉ោង​ ២:១០ នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​ ១ ​ខែ​មេសា​ ឆ្នាំ​ ២០១៥។
អង្គរក្ស​ដែល​រងរបួស​នោះ ត្រូវ​បាន​​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ដឹក​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ ភ្លាមៗ​ដើម្បី​​ព្យាបាល។ ចំណែក​​ជន​បង្ក​ និង​បក្ខពួក​ព្រមទាំង​រថយន្ត​ ត្រូវ​បាន​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​ តុលាការ។
លោក ឌា រេស នាយរង​ផ្នែក​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដែល​បាន​ឈរជើង​ប្រចាំការ​នៅ​ចំណុច​ភាគ​ខាង​លិច​ផ្លូវ​រង្វង់មូល​ វិមានឯករាជ្យ បាន​​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មុន​ពេល​កើត​ហេតុ គេ​ឃើញ​រថយន្ត​បង្ក​ហេតុ​ខាងលើ បើកបរ​ពី​ទិស​ខាង​កើត តាម​បណ្ដោយ​​ផ្លូវ​ព្រះសុរាម្រិត ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​រេ​ចង្កូត​ពេញ​តាម​ដងផ្លូវ។ លោក រេស បន្ត​ថា នៅពេល​ជិត​មក​ដល់​ចំណុច​កើត​ហេតុ​ក្បែរ រង្វង់មូល​វិមានឯករាជ្យ រថយន្ត​នេះ​បាន​​រេចង្កូត​​មក​ស្ដាំ​ដៃ​​ ហើយ​ជ្រុល​ឡើង​ទៅលើ​ចិញ្ចើម​ផ្លូវ បុក​កង​អង្គរក្ស​ពីរ​នាក់ ដែល​កំពុង​ឈរយាម​ នៅ​មុខ​​ភូមិគ្រឹះ​លោកនាយករដ្ឋមន្ត្រី​ជាប់​កែង​​​ផ្លូវ​នេះ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់។
លោក​បញ្ជាក់​ថា៖ «ក្រោយពី​បុក​កង​​អង្គរក្ស​ពីរ​នាក់​ឲ្យ​រងរបួស​ហើយ​នោះ រថយន្ត​នេះ នៅ​មិន​ទាន់​ឈប់​ភ្លាម​ទេ គឺ​ហាក់​ដូចជា​ចង់​ព្យាយាម​បើក​រត់​គេច​ខ្លួន ព្រោះ​រថយន្ត​បាន​ទៅ​បុក​ដើមឈើ​មួយ​ដើម​បណ្ដាលឲ្យ​បាក់ ហើយ​​ជ្រុល​ទៅ​បុករះ​ម៉ូតូ​បួន​​គ្រឿង​ទៀត​របស់​ក្រុម​កងអង្គរក្ស​​បណ្ដាល​ ឲ្យ​ខូចខាត​យ៉ាង​ដំណំ ទើប​រថយន្ត​នេះ​ទៅ​មុខ​លែង​រួច»

ក្រោយពី​រថយន្ត​ទៅ​មុខ​លែង​រួច ក្រុម​សមត្ថកិច្ច​ក៏​បាន​ចាប់​ឃាត់​ខ្លួន​ស្ត្រី​អ្នក​បើកបរ​ឈ្មោះ អ៊ុង កូលសានីក អាយុ ២៦ ​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​​រថយន្ត​ BMW Auto Co; Ltd ពិនិត្យ​ជាតិ​អាល់កុល ហើយ​​បាន​រកឃើញ​ថា មាន​លើស​ជាតិ​អាល់កុល​ចំនួន​ទ្វេដង​នៃ​ច្បាប់​កំណត់​ឲ្យ​ផាក​ពិន័យ​។ នេះ​បើ​យោង​តាម​ការប្រាប់​ឲ្យ​ដឹង​ពី​លោក ចេវ ហាក់ ប្រធាន​ផ្នែក​វាស់វែង ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ម្សិលមិញ។

No comments: