Monday, April 6, 2015


​វិភាគ​៖ តើ​ការ​គំរាម​របស់លោក​ហ៊ុនសែន​ដើម្បី​អ្វី​?​

ដោយ៖​ ណុល ដា​រ៉ា​ | ថ្ងៃចន្ទ ទី6 មេសា 2015, 11:17 AM





ជារឿយៗ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន-សែន តែងតែ​ប្រើ​វេទិកា​សាធារណៈ​គំរាម​ពី​ការ​កើត​មាន​សង្គ្រាម ប្រសិនបើ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ចាញ់ឆ្នោត ។ 
​នៅ​មុន​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥ ខែកក្កដា ឆ្នាំ​២០១៣ លោក ហ៊ុន-សែន ធ្លាប់បាន​គំរាម​បែប​នោះ​ម្ដង ប៉ុន្តែ​ជា​លទ្ធផល​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​បាន​បាត់បង់​អាសនៈ​សភា​ រហូតដល់​២២ ។ 

​ក្នុង​ពិធី​សម្ពោធ​ឲ្យប្រើ​ប្រា​ស់ជា​ផ្លូវការ​ស្ពាន និង​ផ្លូវជាតិ​លេខ​៩ ពី​ខេត្ត​ស្ទឹងត្រែង​ទៅ​ខេត្ត​ព្រះវិហារ នា​ថ្ងៃ​ទី​១ ខែ​មេសា ឆ្នាំ​២០១៥ កន្លង​ទៅ​ថ្មីៗ​នេះ លោក ហ៊ុន-សែន បាន​គំរាម​បែប​នោះ​ជាថ្មី​ម្ដងទៀត ។ 

អ្នកវិភាគ​យល់ថា ជាធម្មតា សង្គ្រាម​អាច​កើតឡើង​បាន លុះណាតែ​ភាគី​ជម្លោះ​មាន​កម្លាំងប្រដាប់អាវុធ​ដូចគ្នា ។ 
បើ​មើល​មក​គណបក្សនយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​រដ្ឋាភិបាល​រយៈ​ពេល​​​ជិត​៤០​ឆ្នាំ ហើយ​ថ្មីៗ​នេះ​ទើបតែ​បាន​បញ្ចូល​កងកម្លាំងប្រដាប់អាវុធ​ទៅក្នុង​ គណៈកម្មាធិកា​រ​កណ្ដាល​របស់​ខ្លួន គណបក្ស​ផ្សេងៗ​ទៀត រួម​ទាំង​បក្សប្រឆាំង​ដ៏​ធំ​ផង សុទ្ធតែ​គ្មាន​កម្លាំង​ប្រដាប់អាវុធ​ទេ ។ បើ​គណបក្ស​ទាំង​នោះ​ឈ្នះ​ឆ្នោត តើ​ពួកគេ​មាន​កងកម្លាំងប្រដាប់អាវុធ​ឯណា​នឹង​ធ្វើ​សង្គ្រាម​? តើ​សង្គ្រាម​អាច​កើតឡើង​ឬទេ​នៅ​ក្រោយ​ការ​បោះ​ឆ្នោតជាតិ​ឆ្នាំ​២០១៨

​ថ្វី​បើ​អ្នកវិភាគ​ខ្លះ​យល់​ថា ការ​គំរាម​ដដែលៗ​របស់លោក ហ៊ុន-សែន ជា​វិធីសាស្ត្រ​បែប​បុរាណ មិន​មាន​ប្រសិទ្ធភាព​ចំពោះ​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក៏ដោយ ក៏​អ្នកវិភាគ​មួយចំនួន​យល់ថា ការ​គំរាម​ដដែលៗ​នោះ​បង្ហាញ​ថា ជម្លោះ​​នយោបាយ​នៅ​ឆ្នាំ​២០១៨ នឹង​កើនឡើង​ខ្លាំង​ជាង​ឆ្នាំ​២០១៣ ។ 

​ការយល់ឃើញ​របស់​ក្រុមអ្នកវិភាគ​នេះ គឺ​ផ្អែក​លើ​កត្តា​មួយចំនួន ។ ការដាក់បញ្ចូល​មេដឹកនាំ​កងកម្លាំងប្រដាប់អាវុធ ទៅក្នុង​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា ទោះបីជា​រង​ការរិះគន់​ថា រំលោភ​លើ​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ និង​សហលក្ខន្តិក​មន្ត្រីរាជកា​រ ក៏​គណបក្ស​ប្រជាជន​កម្ពុជា​មិន​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​ដែរ ដែល​ចំណុច​​នេះ អ្នកវិភាគ​យល់ថា ហាក់ដូចជា​ត្រៀមកម្លាំង​ទុកជាមុន ។ ចំណែកឯ​ការធ្វើ​ច្បាប់​បោះឆ្នោត អនុញ្ញាត​ឲ្យ​កងកម្លាំង​ប្រដាប់អាវុ​ធចេញ​ឃោសនា ប្រៀប​ដូច​ជា​យក​ភាគី​មាន​អាវុធ ឲ្យទៅ​ឈ្លោះ​ជាមួយ​អ្នក​ដទៃទ​ទេ បើ​ភាគី​មាន​អាវុធ​ចាញ់ឆ្នោត តើ​ពួកគាត់​នឹង​សុខចិត្ត​ឬទេ ។​

​អ្នកវិភាគ​ឯករាជ្យ​លោក អ៊ូ-វីរៈ បាន​មានប្រសាសន៍​ក្នុង​កម្មវិធី​តុមូល​វី​អូ​ឌី (VOD) កាលពី​ថ្ងៃ​២០ ខែ​មីនា​ថា ការបញ្ចូល​កងកម្លាំង​ប្រដាប់អាវុធ ដែល​ជា​កម្លាំង​ឯករាជ្យ​ទៅ​ក្នុង​បក្ស គឺជា​គ្រោះថ្នាក់​មួយ​សម្រាប់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ លោក​ថ្លែងថា «​ចំពោះ​ខ្ញុំ​គឺ​ការប្រមូលផ្ដុំ​អំណាច​ឯករាជ្យ​ទាំងអស់​ ហ្នឹង​នៅក្នុង​ក្រោម​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ការធានា​ថា គណបក្ស​ប្រជាជន​មិន​អាច​បាត់បង់​អំណាច​ទេ នៅ​ការបោះឆ្នោត​២០១៨ ។ យើង​មិន​បាត់បង់​អំណាច​ដោយ​សារ​មិន​ចាញ់​ឆ្នោត ឬ​មួយ​មិន​បាត់បង់​អំណាច​នៅក្នុង​ន័យ​ណាមួយ​ផ្សេងទៀត យើង​អត់​ទាន់​ដឹង​ទេ ។ ប៉ុន្តែ​ខ្ញុំ​មើល​ទៅ​ជា​គ្រោះថ្នាក់​សម្រាប់​ប្រជាធិបតេយ្យ​មែនទែន​បាទ​» ។​

​ទាក់ទង​នឹង​ការ​គំរាម​របស់​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន-សែន នេះ អ្នក​ស្រាវជ្រាវ​ពី​ការអភិវឌ្ឍ​សង្គម​លោក មាស-នី បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់លោក ដោយ​លោក​ប្រៀបប្រដូច​ការ​គំរាម​នោះ ទៅ​នឹង​ការ​លាប់​ជំងឺ​អាសន្នរោគ​របស់​អ្នកនយោបាយ ។ លោក មាស-នី សរសេរ​បន្តថា «​កាលពី​ពេល​បោះឆ្នោត​មុនៗ​ការ​គំរាម​បែបនេះ តែង​កើត​មាន​តែ​ក្នុង​អំឡុង​ពេល​មុន​ការបោះឆ្នោត​បន្តិច​តែប៉ុណ្ណោះ ។ តែ​ពេល​នេះ​ពលរដ្ឋ​ខ្មែរ​មាន​ការងឿងឆ្ងល់ ដោយសារ​តែ​ជំងឺ​គំរាម​នេះ​ឆាប់​ចេញ​រោគសញ្ញា​ជាង​ពេលមុនៗ​»  

​លោក មាស-នី មានប្រសាសន៍ថា តាម​ការសង្កេត​របស់​លោក​ឃើញ​ថា នៅ​ពេល​ថ្មីៗ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន-សែន បាន​គំរាម​ផ្ទួនៗ និង​ដំណាលៗ​គ្នា​លើ​បី​ចំណុច​គឺ គំរាម​ពី​សង្គ្រាម គំរាម​ចេញ​ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល និង​ការ​គំរាម​បង្ខំ​ឲ្យ គ​.​ជ​.​ប ត្រូវ​តែ​លេច​រូបរាង ។ លោក មាស-នី បន្តថា តាម​លោក​យល់ ការ​គំរាម​នេះ​បង្ហាញ​ឲ្យឃើញ​នូវ​ការព្រួយបារម្ភរ​បស់​លោក ហ៊ុន-សែន «​បើ​ពី​ដើម​មក​គាត់​និយាយ​អ៊‍ីចឹង បានន័យថា​គាត់​ធ្វើ​កំពុង​ដំណើរ​ទៅ​រក​កន្លែង​ខ្លាំង ទៅ​រក​កន្លែង​ក្ដាប់​អំណាច ។ ប៉ុន្តែ​បើ​ក្នុង​អ្វី​ដែល​គាត់​និយាយ​នៅពេលនេះ វា​ហាក់ដូចជា​គាត់​ស្ថិត​ក្នុង​ការព្រួយបារម្ភ​មួយ ហើយ​និង​ភ័យ​ច្រើនជាង ។ ហើយ​សូម្បី​តែ​អ្វី​ដែល​គាត់​និយាយ​ប៉ុណ្ណឹង ក៏​ខ្ញុំ​នៅតែ​មិន​ទាន់​ទុកចិត្ត​ថា គាត់​នឹង​មាន​សមត្ថភាព​ក្នុង​ការគ្រប់គ្រង​សន្តិសុខ​ហ្នឹង​បាន​ទាំងមូល​ទេ បើសិន​មាន​អ្វី​កើតឡើង​ហ្នឹង​ណា៎​! ប៉ុន្តែ​អ្វី​ដែល​គាត់​ព្រួយ -- ហ៊ុន-សែន ពី​ដើម​យើង​ឃើញ​គាត់​ព្រួយ​ជាមួយ​អ្នក​ខាងក្រៅ​។ ប៉ុន្តែ​ឥឡូវនេះ​គឺថា គាត់​ព្រួយ​រវាង​ខាងក្នុង ហើយ​ខាងក្រៅ​ស្មើគ្នា​» ។​

អ្នកវិភាគនយោបាយ​ លោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថា ការប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន-សែន ជា​ញឹកញយ​ក្នុង​ការប្រើប្រាស់​កងកម្លាំង​ប្រដាប់អាវុធ ដើម្បី​ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រដ្ឋាភិបាលស៊ីសង្វាក់​នឹង​ការ​បញ្ចូល​​​កងកម្លាំងប្រដាប់អាវុធ​ទៅ​ក្នុង​ជួរ​បក្ស និង​ការធ្វើ​ច្បាប់​អនុញ្ញាត​ឲ្យ​កងកម្លាំង​ប្រដាប់អាវុធ​ឃោសនាបោះ​ឆ្នោ​ត គឺជា​យុទ្ធសាស្ត្រ​ពង្រឹង​អំណាច ។ លោក​បញ្ជាក់ថា «​មេដឹកនាំ​គឺថា គឺថា បង្ហាញ​អា​ដែល ដើម្បី​ឲ្យមាន​ការទុកចិ​ត្ត ឲ្យ​រឹងមាំ​ឡើងវិញ ពី​អា​ដែល​កម្មាភិបាល​ជួរ​ខ្លួន​ឯង​ហ្នឹង ហ្នឹង​គឺ​ត្រូវ​ថា​ឲ្យ​ខ្លាំង បាទ ធ្វើ​ឲ្យ​ខ្លាំង ឲ្យគេ ឲ្យ​ទុកចិត្ត​ថា អ្ហេ​មិន​អី​ទេ គឺ​មេដឹកនាំ​ខ្លាំង រឹងមាំ​អី​អ៊‍ីចឹង​ទៅ ហើយ​គឺ​អា​ដែល​មាន​ការប្រើប្រាស់​យោធា​អី​ថែម​ទៅទៀត អាហ្នឹង​វា​ទៅ​ជាមួយគ្នា​។ ខ្ញុំ​ថា ដូច​ជា​យើង​សង្កត់​លើ​អង្រុត បាទ ហើយ​អង្រុត​ហ្នឹង​ក្រែងលោ​អា​ជើង​វា​ហ្នឹង វា​លែង​សូវ​មាំ​អ៊‍ី​ចេះ​! បាទ​! នេះ​ឲ្យ​ជាប់​អាត្រី គឺ​អំណាច​ហ្នឹង បាន​ចេះ​តែ​ឃុំគ្រង​ឲ្យបាន​ហ្នឹង​ណា៎ អា​ត្រី​នៅក្នុង​អង្រុត​ហ្នឹង​!» 
ជា​ការកត់សម្គាល់ ការ​គំរាម​របស់​លោកនាយក​រដ្ឋមន្ត្រី ច្រើន​ធ្វើ​នៅពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ឬ​ពេល​បោះឆ្នោត​ជិត​ចូលមក​ដល់។ ប៉ុន្តែ​ការ​គំរាម​លើក​នេះ គឺ​នៅ​រយៈពេល​ជាង​២​ឆ្នាំ​មុន​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ និង​ជាង​៣​ឆ្នាំ​មុន​ការបោះឆ្នោត​ជាតិ​អាណត្តិ​ទី​៦ នា​ឆ្នាំ​២០១៨​ខាងមុខ ។ តើ​ការ​គំរាម​របស់លោក ហ៊ុន-សែន បង្ហាញ​ពី​ចេតនា​របស់​លោក ឬ​ក៏​គ្រាន់តែ​បំភ័យ​ប្រជាពលរដ្ឋ​ឲ្យ​បោះឆ្នោត​ឲ្យ​លោក​? តើ​ការ​គំរាម​លើក​នេះ នឹង​ជួយ​ឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​កើន​សំឡេង​គាំទ្រ​ឡើងវិញ ឬ​ក៏​នឹង​ទាញ​ឲ្យ​ធ្លាក់ចុះ​បន្ថែមទៀត​


សូម​សរសេរ​មក​លោក ណុល ដា​រ៉ា តាមរយៈ dara@vodhotnews.com

No comments: