Friday, April 3, 2015

អ្វីដែលសែនចង់បាន ស៊ីត្រូវតែឲ្យ!

ដេកចាំស៊ីរំដោះជាតិ? សូមខ្មែរកុំរំពឹងឲ្យសោះ ជាពិសេសស៊ីវាស៊ីសំណែនសែនរួចទៅហើយ!
____________________________________________________

 


គណបក្ស​សង្គ្រោះ​ជាតិ​គាំទ្រ​លោក ហង្ស ពុទ្ធា ជា​បេក្ខភាព​ទី​៩​នៃ​គ.ជ.ប

ដោយ ទីន ហ្សាការីយ៉ា
2015-04-02




អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​២ មេសា ឯកភាព​ទទួល​យក លោក​បណ្ឌិត ហង្ស ពុទ្ធា ជា​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) ជា​បេក្ខភាព​ទី​៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហើយ។
លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា មូលហេតុ​ដែល​ថ្នាក់​ដឹក​នាំ​ឯកភាព​គាំទ្រ លោក​បណ្ឌិត ហង្ស ពុទ្ធា នេះ ដោយ​ផ្អែក​លើ​បទពិសោធន៍​ការងារ​របស់​លោក​កន្លង​មក ដែល​ធ្វើ​ការ​ទាក់ទង​នឹង​ការងារ​បោះ​ឆ្នោត។ យ៉ាង​នេះ​ក្ដី លោក​បន្ថែម​ថា លោក​មិន​ទាន់​ដឹង​ថា លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចុះ​ហត្ថលេខា​លើ​លិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើ​ជូន លោក សម រង្ស៊ី ក្នុង​ការ​ដាក់​បេក្ខភាព លោក ហង្ស ពុទ្ធា នេះ​ក៏​យ៉ាង​ណា​នោះ​ទេ។
ការ​កោះ​ប្រជុំ​ថ្នាក់​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​ឯកភាព​គាំទ្រ លោក​បណ្ឌិត ហង្ស ពុទ្ធា នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​មាន​ការ​គំរាម​ជា​សាធារណៈ​របស់​លោក​នាយក​ រដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១ មេសា ថា បើ​សិន​ជា​គណបក្ស​ទាំង​ពីរ​នៅ​តែ​មិន​ត្រូវរ៉ូវ​គ្នា​លើ​ការ​រៀបចំ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ឬ គ.ជ.ប​ថ្មី​នោះ គឺ​លោក​អះអាង​ថា គ.ជ.ប​ចាស់​នៅ​តែ​ដំណើរ​ការ​សម្រាប់​ការ​បោះ​ឆ្នោត​លើក​ក្រោយ​ទៀត ដោយ​យោង​លើ​កិច្ច​ព្រមព្រៀង​នយោបាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កក្កដា ឆ្នាំ​២០១៤។
លោក ហ៊ុន សែន បាន​ផ្ញើ​លិខិត​ទៅ លោក សម រង្ស៊ី បញ្ជាក់​ពី​ជំហរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​យក លោក​បណ្ឌិត ហង្ស ពុទ្ធា ជា​បេក្ខភាព​ទី​៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត កាល​ពី​ថ្ងៃ​ទី​២៩ មីនា ក្នុង​ចំណោម​បេក្ខភាព​ដទៃ​ទៀត​ដែល​បាន​យក​ពាក្យ​ស្នើសុំ​ទៅ​បំពេញ ដើម្បី​ស្នើសុំ​ធ្វើ​ជា​បេក្ខភាព​ទី​៩ នៃ គ.ជ.ប ដែល​ជ្រើស​ចេញ​ពី​អង្គការ​សង្គម​ស៊ីវិល​នោះ។
លោក យ៉ែម បុញ្ញឫទ្ធិ អះអាង​ថា មក​ទល់​ពេល​នេះ​ក្នុង​ចំណោម​អ្នក​ដែល​យក​ពាក្យ​ស្នើសុំ​ទៅ​បំពេញ​ចំនួន ៥០​នាក់​នោះ មាន​តែ ៤​នាក់​ប៉ុណ្ណោះ​ដែល​បាន​យក​មក​ដាក់​នៅ​រដ្ឋសភា៕


No comments: