Monday, March 2, 2015


ដោយ៖​ ជន ស្រី​ណុ​ច​ | ថ្ងៃចន្ទ ទី 2 មិនា 2015, 05:33 PM​
ស្តាប់សំឡេង៖​
http://vodhotnews.com/media/sounds/150302-vod-sreynoch-f-pol-cnrp-recognizes-that-new-nec-not-independent-02-2015-03-02.mp3

គណបក្ស​សង្គ្រោះ​ជាតិ​ទទួលស្គាល់ថា គ​.​ជ​.​ប ថ្មី​ដែល​នឹង​បង្កើតឡើង​នេះ មិន​ឯករាជ្យ​តាម​ការចង់បាន​របស់​ម្ចាស់​ឆ្នោត​នោះ​ទេ ព្រោះ​បង្កើតឡើង​តាមរយៈ​កិច្ចព្រមព្រៀង​រវាង​គណ​បក្ស​នយោបាយ​ទាំងពីរ ប៉ុណ្ណោះ​។​
​ការ​ថ្លែង​បែប​នេះ​ធ្វើឡើង​ក្នុង​កម្មវិធី​តុមូល​របស់ ​VOD ​នា​រសៀល​ថ្ងៃ​ចន្ទ​ទី​០២ ​ខែ​មីនា​ ឆ្នាំ​២០១៥ ។​

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា គ​.​ជ​.​ប ដែល​នឹង​បង្កើត​ថ្មី​នេះ មិន​ឯករាជ្យ ឬ​ល្អ​គ្រប់គ្រាន់​តាម​ការចង់បាន​របស់​ប្រជាពលរដ្ឋ​ទេ បើ​ទោះជា​គណបក្ស​ប្រឆាំង ព្យាយាម​ទាមទារ​ចំណុច​ដែល​ម្ចាស់ឆ្នោត​ចង់បាន​ក៏​ដោយ​គឺ​មិន​អាច​ទៅរួច​ទេ​។ យ៉ាងនេះក្តី លោក​រំពឹង​ថា គ​.​ជ​.​ប ថ្មី​នឹង​ប្រសើ​ឡើង​ជាង គ​.​ជ​.​ប ចាស់ ។ លោក​មានប្រសាសន៍ថា «​យើង​ទទួលស្គាល់ថា​វា​មិន​ល្អ វា​មិន​សុ​ក្រិត​បានទេ ប៉ុន្តែ​នេះ​ជា​ការប្រឹងប្រែង​អស់ពី​សមត្ថភាព​ហើយ ក៏​ប៉ុន្តែ​នៅពេល ដូច​ដែល​ខ្ញុំ​ជម្រាប​ជូន​បងប្អូន​ជនរួមជាតិ​អញ្ចឹង​ថា យើង​មិន​អាច​បាន គ​.​ជ​.​ប ឯករាជ្យ​ទេ អព្យាក្រិត​ទេ នៅពេល​នេះ​ទទួលស្គាល់​ថា មិន​អាច​បាន​ទេ ក៏​ប៉ុន្តែ​វា​ក៏​ល្អ​ជាង​មុន​ឆ្ងាយ​ណាស់ ល្អ​ជាង​គណបក្ស​ប្រជាជន​សម្រេច​ម្នាក់ឯង (​អ្នកយក​ព័ត៌មាន​៖ ល្អ​ហ្នឹង​អី​ដែរ​ឯកឧត្តម​បា៎​?) បា៎ សេចក្តីសម្រេច​ពី​មុន​គណបក្ស​ប្រជាជន​តែ​ម្នាក់ឯង​។ យើង​បាន​ចាំតែ​ឈរ​មើល​គេ គេ​ថា​ឆ្វេង ឆ្វេង គេ​ថា​ស្តាំ ស្តាំ តែ​ឥឡូវនេះ​មិនអាច​ជា​ដាច់ខាត បើ​គ្មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ គឺ​ធ្វើ​អ្វី​ក៏​មិន​ចេញ​ដែរ​នៅក្នុង គ​.​ជ​.​ប​»​។​

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មិន​យល់ស្រប​នូវ​អ្វី​ដែល​លោក យឹម សុវណ្ណ ថ្លែងថា គ​.​ជ​.​ប ថ្មី​មិន​ឯករាជ្យ​នោះ​ទេ ដោយ​លោក​អះអាងថា គណបក្ស​ទាំងពីរ​បាន​សម្រេច​តាំងពី​លើក​ដំបូង​ថា​យក លោកស្រី ពុង ឈី​វ​កេក ជា​បេក្ខភាព​ទី​៩​នៃ​ គ​.​ជ​.​ប ដែល​មក​ពី​សង្គម​ស៊ីវិល​ ។ លោក​លើកឡើង​ថា « ​ទេ​! អត់​ទេ​! ខ្ញុំ​មិន​យល់​ថា​អញ្ចឹង​ណា ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន ដែល​បាន​ឯកភាព​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​រួចហើយ គឺ​យើងខ្ញុំ​ឯកភាព​តាម​ហ្នឹង​។ ខ្ញុំ​មិន​ឯកភាព​ត្រង់​ថា ខ្ញុំ​មិន​យល់​ត្រង់​ថា គណបក្ស​ទាំងមូល​ឯកភាព​រួចហើយ ត្រង់​បុគ្គល​មួយ​ដែល​និយាយថា​មិន​ឯករាជ្យ​ម៉េច​ខ្ញុំ​មិន​យល់​»​ 

​ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ លោកស្រី វេជ្ជបណ្ឌិត ពុង ឈី​វ​កេក សុំ​មិន​ធ្វើ​អធិប្បាយ​លើ​ករណី គ​.​ជ​.​ប នេះ​ទេ ។​

​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈឆ្នាំ​២០១៥ បាន​ឯកភាពគ្នា​ក្នុង​ការដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ដែល​គណបក្ស​ទាំងពីរ​ បាន​ខ្វែងគំនិត​គ្នា​លើ​កំណែ​ទម្រង់​នៃ​ការបោះឆ្នោត​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ត្រូវ​បាន​ចេញផ្សាយ​ក្រោយ​ពី​កិច្ចប្រជុំ បញ្ចប់​នៅ​ម៉ោង​ជិត​៨​យប់ ឲ្យដឹងថា​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងពីរ​បាន​ដោះស្រាយ បញ្ចប់​នូវ​រាល់​បញ្ហា​ដែល​នៅ​សេសសល់​ទាំងអស់​នៃ​សេចក្តី​ព្រាង សេចក្តីស្នើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ។ សេចក្តីប្រកាស​បន្ត​ថា ពាក់ព័ន្ធ​ទៅនឹង​ការធានា​និរន្តរភាព និង​ប្រក្រតីភាព​នៃ​ស្ថាប័ន​ជាតិ ដើម្បី​បង្ការ​ភាពជាប់គាំង​បន្ទាប់ពី​ការបោះឆ្នោត ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ជា​គោល ការណ៍ ដើម្បី​សិក្សា​អំពី​បញ្ហា​នេះ ហើយ​រៀបចំ​ដាក់បញ្ចូល​ទៅក្នុង​អត្ថបទ​ច្បាប់​សមស្រប​ណាមួយ​។​


​សេចក្តីប្រកាស​ឲ្យដឹង​ទៀតថា ថា្នក់​ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ទាំង​ពីរ​បាន​ឯកភាពគ្នា ដើម្បី​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង សេចក្តីស្នើច្បាប់​នេះ និង​សេចក្តីព្រាង​សេចក្តីស្នើច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នា​ពេល​ដ៏​ ខ្លី​ខាងមុខនេះ ៕​

No comments: