Monday, March 9, 2015


សហគមន៍​ក្រីក្រ​រៃ​លុយ​ផ្តល់​ពាន់រង្វាន់​ឲ្យ​ស្ត្រី​សកម្មជន​សិទ្ធិ​មនុស្ស​ម្នាក់​​

ដោយ៖​ ញឹម សុខន​
ថ្ងៃសុក្រ ទី6 មិនា 2015


ស្តាប់សំឡេង៖





អ្នក​មាន​ជម្លោះ​ដីធ្លី​យ៉ាងតិច​៤​សហគមន៍ក្នុង​រាជធានី​ភ្នំពេញ​បាន​រៃ​អង្គាស​ប្រាក់​ធ្វើជា​ពានរង្វាន់​ ឈ្មោះថា“​កែវភ្នែក​មាស​ ប្រគល់​ឲ្យ​ស្ត្រី​វ័យក្មេង​មួយ​រូប​ជា​សកម្មជន​សិទ្ធិមនុស្ស ដើម្បី​លើកទឹកចិត្ត​ក្នុង​ការចូលរួមទប់​ស្កាត់​ការបណ្តេញចេញ ។​

​តំណាង​អ្នក​ភូមិ​អ្នកស្រី ច្រាយ ងីម ឲ្យ VOD ដឹង​នៅ​ថ្ងៃទី​៦ ខែ​មីនា​នេះ​ថាសហគមន៍​​ថ្មគោល សហគមន៍​៣​មករា​នៅ​បុរី​ឡា សហគមន៍​ស្ត្រី​នៅ​តំបន់​បឹងកក់ និង​សហគមន៍​អតីត​បឹងកក់​ដែល​ត្រូវបាន​បណ្តេញចេញ ​បាន​មូលមតិ​គ្នា​ប្រមូលប្រាក់​តាម​ការស្ម័គ្រចិត្ត ធ្វើ​ពានរង្វាន់ កែវភ្នែក​មាស​ក្នុង​តម្លៃ​ប្រមាណ​៣០០​ដុល្លារ ​ឲ្យ​មន្ត្រី​សិទ្ធិ​លំនៅដ្ឋាន​គឺ​កញ្ញា ឡុង គីម​ហៀ​ង ។​

​ស្ត្រី​រូប​នោះ​បន្តថាមូលហេតុ​នៃ​ ការផ្តល់​ពានរង្វាន់​ក្នុងស្រុក​ឲ្យទៅ​មន្ត្រី​សិទ្ធិមនុស្ស​រូបនោះ ដោយសារ​កន្លង​​ទៅ​កញ្ញា ឡុង គីម​ហៀ​ង បាន​ចុះ​បណ្តុះបណ្តាល​ឲ្យ​សហគម​ន៍​ក្រីក្រ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​​ចេះ​​រួបរួម​គ្នា​តស៊ូ​មតិ រហូត​ទប់ស្កាត់​ការបណ្តេញ​បាន ។​

​អ្នកស្រី ច្រាយ ងីម ឲ្យដឹងទៀតថា ពលរដ្ឋ​នៅ​សហគមន៍​ថ្មគោល​ជិត​ព្រលានយន្តហោះ​មាន​៥៧៣​ខ្នង​ផ្ទះ ត្រូវ​បាន​អាជ្ញាធរ​ប្រកាស​ឲ្យ​ចាកចេញ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ដោយ​មិន​ផ្តល់​សំណង ដោយ​ចោទ​ថា​រស់នៅ​លើ​ដី​រដ្ឋ​ខុសច្បាប់​ ដើម្បី​ពង្រីក​ព្រលានយន្តហោះ។ ប៉ុន្តែ​ពេល​នេះ​ស្ត្រី​រូប​នោះ​អះអាងថា ទាំង​អាជ្ញាធរ ទាំង​​ក្រុមហ៊ុន​បាន​សន្យា​ដោះស្រាយ​ករណី​នេះ​ដោយ​សន្តិវិធី​វិញ។ អ្នកស្រី​ថា«​អ៊ីចឹង​ដើម្បី​ជា​ការឆ្លើយតប​របស់​គាត់ គាត់​ថា​អត់​ដេញ​ប្រជាពលរដ្ឋ​ដោយ​បង្ខំ​ទេ ទី​២ បើ​មាន​ការផ្លាស់ប្តូរ​លំនៅដ្ឋាន គាត់​នឹង​រក​ក្បែរ​ទីតាំង​ចាស់ ។ អ៊ីចឹង​វា​ប្រហាក់ប្រហែល​នឹង​ដែល​យើង​ចង់បាន​ដែរ ទី​៣ គឺ​តម្លៃ​លុយ​គឺ​គេ​រក​ក្រុមហ៊ុន​អច លនទ្រព្យ​ឯករាជ្យ ដើម្បី​វាយតម្លៃ​ដី​នៅ​តំបន់​ហ្នឹង​» ។​

តំណាង​សហគមន៍​៣​មករា​ក្នុង​សហគមន៍​បុរី​ កីឡា អ្នកស្រី ជុំ ង៉ាន់ អះអាងថា ពួកគាត់​ភាគច្រើន​មាន​មុខ រប​រ​ជា​អ្នក​រើស​អេតចាយ ប៉ុន្តែ​បាន​ផ្តល់​លុយ​ដើម្បី​ជា​ពានរង្វាន់​ជូន កញ្ញា ឡុង គឹម​ហៀ​ង ដែល​មាន​ភាពក្លាហាន អប់រំ​ប្រឆាំងនឹង​ការបណ្តេញ​ចេញ​នេះ និង​ជា​សារ​ជំរុញ​ឲ្យ​ស្ត្រី​រូប​នោះ​បង្កើន​ការយកចិត្តទុកដាក់​បន្ថែម​​ទៀត ​ពីកម្មភាព​ការពារ​សិទ្ធិ​លំនៅដ្ឋាន​របស់ស​ហគ​ម​ន៍​ក្រីក្រ ដែល​កំពុង​ប្រឈម​នឹង​ការបណ្តេញចេញ ។ អ្នកស្រី​ថា «​ខ្ញុំ​គិតថា កញ្ញា ឡុង គឹម​ហៀ​ង ដែល​ធ្វើការ​ជាមួយ​សហគមន៍​បុរី​កីឡា​ហ្នឹង ពេល​ឈូស​​​ប្រាវ​គ្មាន​អង្គការ​ណា​ហ៊ាន​ចូល​ទេ ពេល​ហ្នឹង ឡុង គឹម​ហៀ​ង គាត់​ហ៊ាន ក្មេង​ហើយ​គាត់​ជា​ស្ត្រី​ទៀត​គាត់​ចូល​មក​ថត​យក​រូបភាព​ផ្សព្វផ្សាយ​ដល់​ អន្តរជាតិ​រហូត​ដល់​សព្វ​ថ្ងៃ​ដែល​គេ​ដឹង​គេ​ឮ​ហ្នឹង​ស្នាដៃ ឡុង គឹម​​​ហៀ​ង​» ។​



មន្ត្រី​សិទ្ធិ​លំនៅដ្ឋាន កញ្ញា ឡុង គីម​ហៀ​ង អះអាង​ថា​ពានរង្វាន់​ក្នុងស្រុក ដែល​កើតចេញ​សហគមន៍​ក្រីក្រ​នេះ ជា​ល្បឿន​ជំរុញ​មួយ​ផ្នែក​ទៀត​​ឲ្យ​រូបគេ​បង្កើន​សកម្មភាព​ក្នុង​ការពង្រឹង​ សហគមន៍​ឲ្យ​ចេះ​សហការ​គ្នា ទប់​ស្កាត់​ការបណ្តេញចេញ​ពី​លំនៅដ្ឋាន​ទាំង​បង្ខំ ។ កញ្ញា​បញ្ជាក់ថា«​ នេះ​វា​បង្ហាញឲ្យឃើញថាពលរដ្ឋ​គាត់​​​យល់​ពី​តួនាទី អំពី​ការងារ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​នៅក្នុង​ការពង្រឹង​ សមត្ថ​ភាព ពង្រឹង​​​សិទ្ធិ​​អំណាច​របស់​ពួកគាត់ និង​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់​» ។​

បើ​តាម​តំណាង​សហគមន៍ ការផ្តល់​ពាន់រង្វាន់​នេះ​ជា​ការចូលរួម​អបអរ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​ មីនា​ឆ្នាំ​នេះ និង​​ជា​សារ​ជំរុញ​ឲ្យ​មជ្ឈដ្ឋាន​នានា​​ដឹងថា ស្ត្រី​ជា​ដៃគូ​សំខាន់​ក្នុង​ការអភិវឌ្ឍ​ជាតិ ដែល​មិន​អាច​ខ្វះ​បាន បើ​ទោះ​បី​ស្ត្រី​រស់នៅ​តំបន់​ក្រីក្រ​ក៏ដោយ ។​
យ៉ាង​ នេះ​ក្តី​ស្ត្រី​ជា​សកម្មជន​ដីធ្លី​១១​នាក់ រួម​ទាំង​ម្ចាស់​ពានរង្វាន់​ស្ត្រី​ភាពជា​អ្នកដឹកនាំ​ពិភពលោក​ផង​គឺ អ្នកស្រី ទេព វ​ន្នី ត្រូវ​អាជ្ញាធរ​ចាប់​កាត់ទោស​ដាក់ពន្ធនាគារ​ព្រៃ​ស ដោយសា​តែ​តវ៉ា​ទាមទារ​សិទ្ធិ​រស់នៅ​សមរម្យ​​ឲ្យ​ប្រជា​សហគមន៍​នៅ​តំបន់​ បឹងកក់ ៕

សូម​សរសេរ​មក​លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com

No comments: