Thursday, June 5, 2014


សកម្មជន​ដីធ្លី​តំបន់​បឹង​កក់​ នឹង​ទៅ​ទទួលពាន​រង្វាន់​នៅ​សហរដ្ឋអាមេរិក​នៅ​ពាក់កណ្តាល​ខែ​៦​

ដោយ៖​ ជន ស្រី​ណុ​ច​
ថ្ងៃអង្គារ ទី3 មិថុនា 2014


​សកម្មជន​ដីធ្លី នៅ​សហគមន៍​បឹងកក់​ម្នាក់​ដែល​ធ្លាប់​តវ៉ា​រហូត​ជាប់​ពន្ធនាគារ​ជាង​មួយឆ្នាំ អ្នកស្រី​យ៉ោម បុប្ផា នឹង​ទៅ​ទទួលពាន​រង្វាន់​ជា​ស្ត្រី​ឆ្នើម ពី​អង្គការ​សង្គម​ស៊ីវិល​មួយ ធ្វើការ​ផ្តោត​លើ​សិទ្ធិ​មនុស្ស នៅ​សហរដ្ឋអាមេរិក នៅ​ពាក់កណ្តាល​ខែ​មិថុនា​ខាងមុខនេះ។​
សកម្មជន​ដីធ្លី​នៃ​សហគមន៍​តំបន់​បឹង​កក់​អ្នកស្រី​យ៉ោម បុប្ផា ប្រាប់​VOD នៅ​រសៀល​ថ្ងៃ​អង្គារ ទី​០៣ ខែមិថុនា នេះ​ថា ខ្លួន​នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អាមេរិក នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា​នេះ ដើម្បី​ទទួលពាន​រង្វាន់​ពី​អង្គការ​សិទ្ធិមនុស្ស​មួយ ដែល​ធ្វើការ​ផ្តោតលើ​សិទ្ធិ​ស្ត្រី នៃ​ប្រទេស​មហាអំណាច​មួយ​នេះ​។ អ្នកស្រី​ឲ្យដឹង​បន្ត​ថា ពានរង្វាន់​នោះ ត្រូវបាន​គេ​ឲ្យឈ្មោះ​ថា ជា​ពាន​សម្រាប់​អ្នកដឹកនាំ​ដ៏​អង់អាច​ក្លាហាន ក្នុង​ការលើកកម្ពស់​កា​រ​ដោះស្រាយ​ទំនាស់​អហិង្សា។​
អ្នកស្រី​យ៉ោម បុ​ប្ភា បាន​សម្តែង​នូវ​ក្ដី​ត្រេកអរ​ដែល​ខ្លួន​នឹង​ទទួលបាន​ពានរង្វាន់​នេះ​។ អ្នកស្រី​ថា វា​ជា​ការ​ផ្តល់​កម្លាំងចិត្ត​ដ៏​ខ្លាំងក្លា​សម្រាប់​សហគមន៍​រងគ្រោះ ជាពិសេស​ក្រុម​ស្ត្រី ដែល​តែងតែ​ចេញមុខ​តស៊ូ​ជា​បន្តបន្ទាប់ ទោះបីជា​មាន​ការរំលោភ​បំពាន​យ៉ាង​ក្ដី​។ អ្នកស្រី​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់ ចេះ​ងើបឡើង​តស៊ូ មិន​ត្រូវ​នៅ​ស្ងៀម​ឲ្យគេ​គាបសង្កត់​នោះទេ។​

​អ្នកស្រី យ៉ោម បុប្ផា គឺជា​សកម្មជន​ដីធ្លី ដែល​ចេញ​មុខ​តវ៉ា​ប្រឆាំង​នឹង​ការបណ្តេញចេញ រហូត​ដល់​រដ្ឋាភិបាល​ចាប់​ដាក់​ពន្ធនាគារ​អស់​រយៈពេល​ជាង​មួយឆ្នាំ​៕

No comments: